តារាល្បី PafiDo និងបក្ខពួក បើកឡាន Lamborghini ទៅបុកម៉ូតូ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 08:30
ថ្ងៃទី23 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ តារាល្បីឈ្មោះ PafiDo បើករថយន្ត Lamborghini ពាក់ស្លាកលេខ កម្ពុជា.F.R.999 បុកបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១:២០ យប់ ថ្ងៃ២៣ ខែុម្ភះ ឆ្នាំ២០២៤ រួចជនបង្កបើករថយន្ត រត់ដល់ចំណុច ផ្លូវដួងងៀប

ទើបបងប្អូនប្រជាពលរដ្ឋ តាមឃាត់បានជនបង្ក ៣នាក់រួចប្រគល់អោយសម្ថកិច្ច នរគបាល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សោន សឹត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1v-9127 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ហួសរាជបណ្ឌិតសភាបន្តិច ក៏ត្រូវបានរថយន្តបង្ក បើកលឿនដូចហោះ បោះពួយមួយទំហឹង ទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ មនុស្សបានស្លាប់ ចំណែកម៉ូតូ ខូចខាតធ្ងន់ធ្ងរ។

បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿន ព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ ឆ្លងកាត់វិថីសេះស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់បានមនុស្ស ៣នាក់ ក្នុងនោះមានបុគ្គលល្បីឈ្មោះ ក្នុងបណ្តាញសង្គមមួយរូបផងដែរ ដោយមិនច្បាស់ថា ស្ថិតក្នុងស្ថានភាពបែបណានៅឡើយនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Loading...