បើករ៉ឺម៉កម៉ូតូកង់បី ជ្រុលទៅបុកឡិចស៊ីស RX350 ពីក្រោយរងការខូចខាត អត់មានលុយសង
​ដោយ វត្តភ្នំ ម៉ោង 10:48
ថ្ងៃទី24 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូកង់បី ជ្រុលទៅបុករថយន្ត ឡិចស៊ីស RX350 ពីក្រោយ បណ្តាលឱ្យរងការខូចខាត ម្ចាស់រថយន្តទាមទារឱ្យសង តែអ្នកបើករ៉ឺម៉កម៉ូតូកង់បី បានត្រឹមឆ្លើយថា អត់មានលុយក្នុងខ្លួននោះទេ គឺមានតែទូរសព្ទ បែកអេក្រង់មួយតែប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជិតផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញប្ដីប្រពន្ធ ២នាក់ បើករថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ10 2.0340 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ចាប់ហ្រ្វាំងមិនទាន់ ក៍ជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយ ដែលធ្វើឱ្យរថយន្ដរងការខូចខាត ក្រពិតផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង ដល់សាច់ដែក ។ ភាគីខាងម្ចាស់រថយន្ត បានទាមទារឱ្យខាងភាគីកង់បីសងដែរ តែបុរសជាអ្នកបើកកង់បី បានឆ្លើយថា អត់មានលុយក្នុងខ្លួននោះទេ គឺមានតែទូរសព្ទបែកអេក្រង់មួយតែប៉ុណ្ណោះ៕

Loading...