ជិះម៉ូតូចេញពីហូបស៊ុប ត្រូវឡាន HUM MER បុកពីគ្រោយ ខ្ទាតប៉ះដើមឈើ ស្លាប់កូននិងប្រពន្ធ ប្តីរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:29
ថ្ងៃទី25 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ ស្រ្តីជាម្តាយ និងកូនតូច អាយុ ២ខួបម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯបុរសជាប្តី បានរងរបួសធ្ងន់ ពេលកំពុងជិះម៉ូតូឌុបគ្នា ចេញពីហូបស៊ុប ក្នុងហាងមួយកន្លែង ត្រូវរថយន្តបង្កម៉ាក HUM MER បើកលឿនដូចហោះ មកបុកពីក្រោយម៉ូតូពេញទំហឹង ផ្លោងផ្ទប់និងដើមឈើ កាលពីវេលាម៉ោង ១២និង១៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំ តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សពស្រ្តីជាប្រពន្ធមានឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួល ជាមួយប្រពន្ធ និងកូនទើបតែអាយុ ២ខួប បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ មុនកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក NEX ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1Q-7635 ចេញពីហាងស៊ុបមួយកន្លែង តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ទិសដៅពីត្បូងមកជើង ក៏មានរថយន្ត ម៉ាក HUM MER ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹងផ្លោងទាំងម៉ូតូ និងជនរងគ្រោះ ទៅបោកផ្ទប់និងដើមឈើមួយដើម បណ្តាលឲ្យស្លាប់និងរបួស៕

Loading...