ឡានក្រុងដឹកអ្នកដំណើរ ប៉ះជាមួយម៉ូតូ នៅមុខវត្តកំផែង បុរសម្នាក់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី18 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានស្លាប់ នៅនឹងកន្លែងភ្លាមៗ ដោយសារ រថយន្តក្រុងដឹកអ្នកដំណើរ ប៉ះជាមួយម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវបេតុង ចំណុចទល់មុខវត្តកំពែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ព្រឹម ដា អាយុ ២៣ឆ្នាំ ជាកម្មករោងចក្រ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JZ-4225 តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តក្រុង ដឹកអ្នកដំណើរ ពណ៌ខៀវ ពាក់ផ្លាកលេខ រដ្ឋ 37 3-0205 ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលប៉ះជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូ ដួលបោកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ៕

Loading...