ជិះម៉ូតូឌុបគ្នា​ទៅផ្សារទិញត្រី ក៏ត្រូវម៉ូតូស្គុបពី ជិះបញ្រ្ចាសផ្លូវបុកពេញទំហឹង ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 11:35
ថ្ងៃទី18 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និងស្រ្តីជាប្រពន្ធ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ពេលកំពុងជិះម៉ូតូឌុបគ្នា ទៅផ្សារទិញត្រី ក៏ត្រូវម៉ូតូស្គុបពី ជិះបញ្រ្ចាសផ្លូវ ទៅបុកម៉ូតូឌ្រីម ចំពីមុខពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ម៉ៅ ម៉េង អាយុ ៣៣ឆ្នាំ មុខរបរអ្នកលក់ដូរ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រស់នៅខេត្តតាកែវ។ មុនពេលកើតហេតុ បុរសរងគ្រោះ និងប្រពន្ធជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HN-6197 ចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ ដោយបើកម៉ូតូ តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកកើត ស្រាប់តែមានម៉ូតូស្គូបពី មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IK-5507 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច បញ្រ្ចាសផ្លូវ មកបុកចំពីមុខម៉ូតូឌ្រីម បណ្តាលឲ្យ ស្លាប់បុរសជាប្តី ប្រពន្ធរបួសធ្ងន់ និងភាគីខាងម៉ូតូស្គូបពី បានរងរបួសធ្ងន់ ត្រូវបានដឹកតាមកង់បី យកទៅសង្រ្គោះភ្លាមៗផងដែរ៕

Loading...