ឡានព្រូសបើកដោយជនបរទេស បុកជាមួយហ្វដរ៉េនជើរ ស្លាប់ម្នាក់ របួស ៤នាក់
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី14 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងច្បារមន ៖ ស្ត្រីជនបរទេសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមនុស្ស ៤នាក់ទៀត រងរបួស ដោយសារ រថយន្ត ២គ្រឿងបុកគ្នា ពេញទំហឹង កាលពីវេលាម៉ោង ៨និង២៥ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ លេខ៤-៥ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សមត្ថកិច្ចក្រុងច្បារមន បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2BV-6358 បើកបរក្នុងទិសដៅ ពីកើតទៅលិច ដោយឈ្មោះ Lu Wei ping ភេទប្រុស អាយុ ៣៥ឆ្នាំ និងអ្នករួមដំណើរ ៤នាក់ មាន១.ឈ្មោះ jiang Zhi Cheng ភេទប្រុស អាយុ ៤០ឆ្នាំ, ២.ឈ្មោះ Wang Shi song ភេទប្រុស អាយុ ៣០ឆ្នាំ, ៣.ឈ្មោះ huang Jin ភេទស្រី អាយុ ៣២ឆ្នាំ និង៤.ឈ្មោះ Chang xi Joe ភេទស្រី អាយុ ៣៧ឆ្នាំ (ស្លាប់) ។ ទាំង ៥នាក់នេះ ធ្វើការនៅរោងចក្រ ដំណាប់ស្វាយ នៅភូមិអូរគគីរ ឃុំក្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពេលបើកមកដល់ចំណុចខាងលើ បានបុកជាមួយ រថយន្តមួយគ្រឿងម៉ាក ហ្វដរ៉េនជើរ ពណ៌ខ្មៅ ពាក់ស្លាក លេខ កម្ពុជា YSV-1808 អ្នកបើកបរឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានគេចខ្លួនក្រោយពេលកើតហេតុ ដែលកំពុងបើកបរ ពីលិចទៅកើត យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ និងរងរបួស៕

Loading...