ជិះម៉ូតូលឿនមិនប្រយ័ត្ន រេចង្កូតទៅបុកខឿនផ្លូវ បោកក្បាលជាមួយបង្គោលភ្លើង បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:55
ថ្ងៃទី13 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានបែកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូម៉ាកហុងដាឌ្រីម លឿនមិនប្រយ័ត្ន រេចង្កូតទៅបុកខឿនផ្លូវ បោកក្បាលជាមួយបង្គោលភ្លើង កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ភឹន ណារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1E-7818 តាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅ ពីជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនផ្លូវ បោកក្បាលនិងបង្គោលភ្លើង បណ្តាលឲ្យបែកខួរ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម៕

Loading...