ឡានអាល់ហ្វាដ បុកជាមួយឡានក្រុងដឹកកម្មករ បាត់បង់ជីវិតម្នាក់ របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:02
ថ្ងៃទី23 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្វាយទាប ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត ដោយកៀបជាប់ក្នុងរថយន្ត និងរងរបួស ២នាក់ ដោយសារ រថយន្តអាល់ហ្វាដ បុកជាមួយរថយន្តដឹកកម្មករ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង២០ នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច បានអោយដឹងថា អ្នកបើករថយន្ត អាល់ហ្វាដ ដែលស្លាប់មានឈ្មោះ តូច សំណាង អាយុ ៤០ឆ្នាំ រស់នៅ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅ ភូមិទំពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយឡែក អ្នកដែលរងរបួសមានឈ្មោះ ប្រាក់ ស្រីណេត ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ រស់នៅភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល និងឈ្មោះ ម៉ៅ វិរៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក អាល់ហ្វាដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-8121 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ស្រាប់តែមានរថយន្តធំ ប្រភេទទេសចរណ៍ ពណ៌បៃតង គ្មានស្លាកលេខ ដឹកកម្មករកម្មការិនីរោងចក្រពេញរថយន្ត ជិត ៨០នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតទៅលិច បុកគ្នាពេញទំហឹងចំពីមុខ គាបជាប់គ្នា បណ្តាលឲ្យស្លាប់ និងរបួស៕

Loading...