កំពុងជិះម៉ូតូពេលមេឃភ្លៀងខ្លាំង ត្រូវរន្ទះបាញ់ស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធ័ម
​ដោយ វត្តភ្នំ ម៉ោង 08:51
ថ្ងៃទី10 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកព្រៃនប់ ៖  បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារករណី រន្ន្ទះបាញ់ នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ហុង ឃ្លោ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ

មានទីលំនៅ ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មុនពេលកើតហេតុ ជនរងគ្រោះ កំពុងបើកបរម៉ូតូលើដងផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីវាលរេញឆ្ពោះទៅខេត្តកំពត នៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក៏មានផ្គរនិងរន្ទះបាញ់ ត្រូវចំជនរងគ្រោះបណ្តាលឱ្យធ្លាក់ពីលើម៉ូតូ ស្លាប់តែម្តង។ តាមការបំភ្លឺរបស់ឈ្មោះ មូល សុធា ភេទប្រុស មុខរបរជាងជួសជុលម៉ូតូ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ពេលកើតហេតុ គាត់កំពុងអង្គុយជួសជុលម៉ូតូនៅក្នុងតូប ហើយមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយ ផ្គររន្ទះផងដែរ ។ ពេលនោះគាត់ឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ ២០១៦ ពណ៌ខ្មៅ ពីវាលរេញឆ្ពោះទៅកំពត ក៏មានផ្គររន្ទះបាញ់ឮសូរផូង ហើយឃើញជនរងគ្រោះធ្លាក់ពីលើម៉ូតូ បាត់បង់ជីវិតតែម្តង ៕

Loading...