ខណ្ឌដង្កោ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុករថយន្តបើកឆ្លងផ្លូវ បណ្តាលអោយដាច់ ក ជើងជាប់ និងកាងដែករថយន្ត ហើយជនរងគ្រោះនិងម៉ូតូ ផ្លោងជាង ១០ម៉ែត្រ ចូលទៅផ្នែកផ្លូវម្ខាងទៀត ត្រូវរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ កាលពីវេលាម៉ោង ១១និង៣០ នាទីថ្ងៃត្រង់ទី ១១ ខែឧសភា ឆ្នាំ២០២៤
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តគោកខ្សាច់ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកស្តារិច ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2BV-1130 ធ្វើដំណើរឆ្លងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច បានពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ 1AB-1230 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតទៅបុក ចំកាងខាងមុខរថយន្ត ផ្នែកខាងឆ្វេងដាច់ ក ជើងខាងស្តាំជាប់និងកាងដែករថយន្ត ហើយម៉ូតូនិងជនរងគ្រោះផ្លោងជាង ១០ម៉ែត្រ ខ្ទាតចូលទៅផ្នែកផ្លូវម្ខាងទៀត បណ្តាលអោយរងរបួសធ្ងន់ ៕