បើករថយន្តដឹកដីមិនប្រយ័ត្ន ក្រឡាប់ធ្លាក់ពីលើខ្នងអាង ចូលទឹកឈ្លក់រហូតបាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:28
ថ្ងៃទី15 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកថ្មពួក ៖ បុរសម្នាក់ បានបាត់បង់ជីវិត គួរឲ្យអាណិត ដោយសារបើករថយន្តដឹកដី មិនប្រយ័ត្ន ធ្លាក់ពីលើខ្នងអាង ចូលទឹកឈ្លក់រហូតស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចម្ងាយ ១៥០ម៉ែត្រ ត្រង់ចំណុចលើខ្នងអាងគ្រុឌ ខាងលិចសំណង់បង្ហៀរទឹក ក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុច ចែម ហៅ តាពងទា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិម្រាន់ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅ ស៊ីឈ្នួលដឹកដីអោយគេ ដោយដំបូងឡើយ ជនរងគ្រោះ បើកបរឡានម៉ាកហ៊ីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3B.2876 ។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកឡានដឹកដីពេញ មកពីខាងកើតទៅខាងលិច ក៏បានរេចង្កូតក្រឡាប់ ធ្លាក់ពីលើខ្នងអាង ចូលក្នុងទឹក បណ្តាលអោយឈ្លក់ទឹកស្លាប់ នៅក្នុងកាប៊ីនរថយន្តតែម្តង រីឯរថយន្តខូចផ្នែកខាងមុខធ្ងន់៕

Loading...