ជិះម៉ូតូពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ត្រូវឡានបុករបួស ៣នាក់ ហើយបើកគេចបាត់
​ដោយ វត្តភ្នំ ម៉ោង 09:10
ថ្ងៃទី14 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ ប្ដីប្រពន្ធ និងកូនប្រុស អាយុប្រហែល ៣ឆ្នាំ បានរងរបួស ធ្ងន់ស្រាល ទាំង ៣នាក់ ដោយសាររថយន្តបុក ពេលជិះម៉ូតូពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ហើយរថយន្តបង្កបើករត់គេចបាត់ នៅវេលាម៉ោង ៦និង៣៥ នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងកើតវត្ត ផ្សារកណ្តាល ឋិតនៅភូមិនិងសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាកកាម៉ារីឆ្លាម ពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើត ដោយឡើងជែង រថយន្តស្របទិសដូចគ្នា ក្នុងល្បឿនលឿន ឆ្លងគំនូសពុះចែកទ្រូងផ្លូវ ទៅបុកម៉ូតូគ្រឿង ម៉ាកវេវ ពាក់ផ្លាកលេខ ភ្នំពេញ 1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ ចំណែកប្រពន្ធ បែកក្បាល និងបាក់ភ្លៅ រីឯកូនតូចអាយុ ៣ឆ្នាំរងរបួសស្រាល។ ក្រោយពេលបុកភ្លាម រថយន្តបង្ក បានបើករត់គេចបាត់ ចំណែកម៉ូតូខូចខាតម៉ាស៊ីន និងខ្ទេចផ្នែកខាងមុខ៕

Loading...