ចុះស្រាវជ្រាវករណី បាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ រកឃើញសំបកគ្រាប់ កាំភ្លើងខ្លីវែង ជាង ២០០គ្រាប់
​ដោយ វត្តភ្នំ ម៉ោង 14:23
ថ្ងៃទី13 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំស្រួច ÷ សមត្ថកិច្ចចំរុះមួយ បានចុះស្រាវជ្រាវ ករណីបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ ចំណុចផ្ទះលំហែ ស្ថិតនៅភូមិថ្មី ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរកឃើញសំបកគ្រាប់ កាំភ្លើងខ្លីវែង ជាង ២០០គ្រាប់ ចាត់ទុកជាករណី បាញ់បោះសេរីច្រើនលើក តែគ្មានសមត្ថកិច្ចណា ហ៊ានចាត់វិធានការ។

របាយការណ៍ឲ្យដឹងថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទី ចំណុចផ្ទះលំហែស្ថិតនៅភូមិ ថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញកម្លាំងជំនាញបានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ ផ្ទះឈ្មោះ ឆាយ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុសអាយុ៦៤ឆ្នាំ និង ប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុឲ្យដឹងថា នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ឈ្មោះ ឆាយ បានធ្វើដំណើរមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០ នាក់ មានស្រី,មានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែលពេលដែលពួកគាត់(អ្នកចៃដី)ជួយរៀបចំផ្ទះលាង ចាន-ឆ្នាំងឲ្យគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា ។

របាយការណ៍ស្រង់សំដីអ្នកចាំផ្ទះបន្តទៀតថា នៅពេលពួកគាត់កំពុងសំរាក ស្រាប់តែនៅវេលាម៉ោងប្រហែល ២១ ថ្ងៃខែឆ្នាំដដែល ពួកគាត់បានឮសូរសំលេងបាញ់ កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថា អ្នកណាជាអ្នកបាញ់នោះដែរ។ ពួកគាត់និយាយបន្តទៀតថា កន្លងមកឲ្យតែម្ចាស់ផ្ទះឲ្យតែមាន កម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។
+វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:
-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។

ករណីខាងលើគណ:កម្មការ បានចាប់យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវបន្ត៕

Loading...