ឡានពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្លើងស្តុបព្រះអង្គអេង
​ដោយ វត្តភ្នំ ម៉ោង 11:33
ថ្ងៃទី9 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ រថយន្តToyota Vios មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតផ្នែកខាងមុខខាងឆ្វេង និងដាច់កាឡេទៅមុខលែងរួច កាលពីវេលាម៉ោងជាង ១២ យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបព្រះអង្គអេង តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តម៉ាកToyota Vios មួយគ្រឿងពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-9804 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត លុះមកដបានជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មប្រេះបែកតិចតួច ចំណែករថយន្ត ខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ និងដាច់កាឡេកង់ទៅមុខលែងរួច។ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ៕

Loading...