ឆក់ទូរស័ព្ទបានសម្រេច ចៃដន្យទាក់ដៃចង្កូតម៉ូតូ ឡំប្រឺតាដួលសង្កត់ពីលើ ចាប់បានម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:04
ថ្ងៃទី7 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ច ឯបក្សពួកម្នាក់ទៀត បានយកទូរស័ព្ទជនរងគ្រោះ រត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីបុរសជនជាតិចិនម្នាក់ កំពុងជិះឡំប្រឺតាបានសម្រេច ហើយទាក់ដៃចង្កូតម៉ូតូ បណ្ដាលឱ្យដួល កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៩៥៦ កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ចិត្រា ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅ ម្ដុំទួលសង្កែ ចំណែកបក្សពួកម្នាក់ទៀត មិនស្គាល់ រត់គេខ្លួនបាត់។ មុនកើតហេតុ អ្នករត់ឡាំប្រឺតា បានដឹកភ្ញៀវបុរសជនជាតិចិនម្នាក់ ចេញពីម្ដុំបុរីជីប ម៉ុង ផ្លូវម៉ុងរិទ្ធី យកភ្ញៀវទៅក្រោយផ្សារធីខេ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវ១៩៥៦ ទិសដៅពីលិចទៅកើត ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1IF-6062 មកពីក្រោយហើយអែបពីចំហៀង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច តែសំណាងមិនល្អបណ្ដាលឱ្យ ប៉ះដៃចង្កូតម៉ូតូ និងឡំប្រឺតា ដួលសង្កត់ពីលើម្នាក់ភ្លាមៗនោះ អ្នកបើកបរម៉ូតូឡំប្រឺតា និងប្រជាពលរដ្ឋឃើញ នាំគ្នាចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានយកទូរស័ព្ទ រត់គេខ្លួនបាត់ស្រមោល៕

Loading...