ឃាត់ខ្លួន គ្រូពេទ្យឆ្មបមធ្យមម្នាក់ ករណីរំលូតកូន បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់
​ដោយ វត្តភ្នំ ម៉ោង 14:36
ថ្ងៃទី2 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំពៅលូន ៖ គ្រូពេទ្យឆ្មបមធ្យមម្នាក់ ត្រូវនគរបាលស្រុកសំពៅលូន ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបមធ្យមរូបនេះ បានរំលូតកូនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣និង១០ នាទីរសៀល នៅចំណុចក្រុមទី៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅ ស្នាក់បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ពេទ្យឆ្មបដែលត្រូវឃាត់ ខ្លួនឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលូតកូនឲ្យស្ត្រី ជនរងគ្រោះក្នុងផ្ទៃ ដែលមានអាយុ ៥សប្តាហ៍ ដោយការប្រើទុយោ បូមយកកូនចេញ ។ ក្រោយមកជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបានបញ្ជូនព្យបាលបន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង.

ប៉ុន្តែដោយសារជនរងគ្រោះ មានសភាពយ៉ាប់យ៉ឺនខ្លាំង រហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១៣និង៥០ នាទី ជនរងគ្រោះក៏បានស្លាប់ នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង តែម្តង។ បន្ទាប់ពីទទួលបណ្ដឹង ពីសាច់ញាតិ ជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១០និង៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...