ជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកផ្លូវ ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី1 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ យុវជន ២នាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ ដោយសារជិះម៉ូតូឌុបគ្នា លឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យដួលបោកក្បាល អូសម៉ូតូផ្លោងជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៣និង៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចំណុចទល់មុខ មន្ទីរពេទ្យកុមារជាតិ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ ទី១-មានឈ្មោះ ធេ ភេទប្រុស អាយុ ២៥ឆ្នាំ ធ្វើការក្នុងហាង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្បែរផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក មានស្រុកកំណើត នៅខេត្តកណ្តាល។ សពជនរងគ្រោះទី២-មានឈ្មោះ ទីន អាយុ ១៩ឆ្នាំ ធ្វើការក្នុងហាងនំបុ័ង មួយកន្លែង មានស្រុកកំណើត នៅខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ កំពុងតែសង្រ្គោះ ក្នុងមន្ទីរពេទ្យរុស្ស៊ី។ យុវជនរងគ្រោះ ៣នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GP-3293 ជិះឌុបគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ក៏ជួបគ្រោះថ្នាក់តែម្តង៕

Loading...