ចាញ់បោកគេអស់លុយ ៣០០ដុល្លារ គូដណ្តឹងមិននិយាយរក នាងចងកបញ្ចប់ជីវិត មុនចូលរោងការ
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី31 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ នៅសល់តែពីរខែទៀតប៉ុណ្ណោះ នឹងចូលរោងការហើយ នារីជាគូដណ្ដឹង បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកអាវចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដី មិននិយាយរកគ្នា ព្រោះតែនារីរងគ្រោះ ចាញ់បោកលុយគេ អស់ចំនួន ៣០០ដុល្លារ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហាក់ ឌីណា អាយុ ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មួយកន្លែង បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលលេខ១ ជាន់ទី៥ ជាមួយគូដណ្តឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសជាគូដណ្តឹង បានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុ ខ្លួននិងគូដណ្ដឹង បានទាស់សម្ដីគ្នាបន្តិចបន្តួច រឿងចាញ់បោកគេ អស់លុយ ៣០០ដុល្លារ ។ បន្ទាប់មករូបគេ បានចេញ ទៅធ្វើការដូចសព្វមួយដង ចំណែកឯនារីរងគ្រោះ មិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង ។ លុះមកដល់វេលាម៉ោង ៥និង៣០ នាទីល្ងាច ខ្លួនបានចេញពីធ្វើការ ត្រឡប់មកបន្ទប់ជួលវិញ បានគោះទ្វារ និងស្រែកហៅគូដណ្តឹងខ្លាំងៗ មិនឃើញនបើកទ្វារឱ្យ ក៏សម្រេចចិត្តធាក់ទ្វារចូលទៅ ស្រាប់តែឃើញនារីជាគូដណ្តឹង បានយកអាវចងក នៅលើស្នួដែកដាក់សម្លៀកបំពាក់ ស្លាប់បាត់ទៅហើយ៕

Loading...