កាមរីហាយប្រីដ បើកលឿនឆ្លងគន្លងផ្លូវ ទៅបុក រ៉េងរ៉ូវ័រ អាព្រូសមកដល់បុកបន្ថែម របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:31
ថ្ងៃទី29 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ រថយន្តម៉ាក កាមរីហាយប្រីដ មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្ត រ៉េងរ៉ូវ័រ ដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹង វិលមួយជុំ ហើយមានរថយន្តម៉ាក ព្រូស បើកមកពីក្រោយ បុកពីចំហៀងខាងឆ្វេងរថយន្ត កាមរីហាយប្រីដ បន្ថែមទើត បណ្ដាលឲ្យតៃកុង រងរបួសធ្ងន់ កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំណុចខាងត្បូង ផ្សារអ៊ីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក កាមរីហាយប្រីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-8016 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះបើកមកដល់ ក្បែរផ្សារទំនើបអ៊ីអន៣ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តម៉ាក រ៉េងរ៉ូវ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-4482 បើកបរដោយបុរសជនបរទេសម្នាក់ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងមកត្បូង ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត រ៉េងរ៉ូវ័រ ខូចខាតផ្នែកខាងមុខ ។ ចំណែករថយន្តម៉ាក កាមរីហាយប្រីដ បានវិលមួយជុំ ស្របពេលមានរថយន្តម៉ាក ព្រូស មួយគ្រឿងទៀត បើកមកពីក្រោយ បុកឡានកា មរីហាយប្រីដ បន្ថែម ចំពីចំហៀងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ហើយបុរសជាអ្នកបើករថយន្ត កាមរីហាយប្រីដ បានរងរបួសធ្ងន់៕

Loading...