ឆក់កាបូបស្ពាយមិនបានសម្រេច រួចជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀត ប៉ូលិសចាប់ជាប់
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី27 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីបុរសជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមដងផ្លូវ មិនបានសម្រេច រួចជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង ១២និង៤០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខសាលាភូមិន្ទ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-9091 ធ្វើដំណើរពីកើតទៅលិច បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ ពីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមដងផ្លូវ តែមិនបានសម្រេច រួចក៏ជិះរត់បញ្ច្រាសផ្លូវ ទៅបុកម៉ូតូ PCX មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HI-6222 ជិះដោយបុរសម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿង ដួលទៅលើថ្នល់ ហើយកម្លាំងសមត្ថកិច្ច កំពុងល្បាតនៅក្បែរនោះ ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យភ្លាមៗ៕

Loading...