ឆក់ទូរស័ព្ទមិនបានសម្រេច ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកពូក ធ្លាក់ចូលក្នុងប្រឡាយទឹក អ្នកដំណើរបវាយទ្រមខ្លួន
​ដោយ វត្តភ្នំ ម៉ោង 10:18
ថ្ងៃទី23 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ ជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូម៉ាក់ហុងដាឌ្រីម មួយគ្រឿងឌុបគ្នា រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់កំពុងតែជិះម៉ូតូជាមួយប្តី និងកូនស្រីតូច តែមិនបានសម្រេច ហើយជនសង្ស័យក៏ជ្រុល ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកពូក ធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលឲ្យម្នាក់បាក់ជើង និងម្នាក់ទៀតរត់គេចខ្លួន តែរត់មិនរួច ក៏ត្រូវពលរដ្ឋស្វាគមន៍ មួយដៃមួយជើងហើមពេញផ្ទៃមុខ រួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ៉ូថោនអូដឹម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ។ ទី២- ឈ្មោះ សៀវ សារុន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល។ ចំណែកជនរងគ្រោះវិញ មានឈ្មោះ ផាត់ សារ័ត្ន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងប្តី រួមទាំងកូនស្រីម្នាក់ទៀត បាននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JR-0399 ជិះឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក្បែរផ្លូវរថយន្តភ្លើង ជាប់នឹងបុរីញូថោនអូដឹម ស្រាប់តែលេចមុខ ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JB-6024 ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនលឿន ក៏លូ.កដៃទៅឆក់យកទូរស័ព្ទមួយគ្រឿង នៅក្នុងហោប៉ាវរបស់គាត់ តែមិនបានសម្រេច ដោយសារគាត់ចាប់ទាញដៃ និងប្រវាយប្រតប់គ្នា បណ្តាលឲ្យម៉ូតូជនសង្ស័យ ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកពូក ធ្លាក់ចូលក្នុងប្រឡាយទឹកតែម្ដង៕

Loading...