ជិះម៉ូតូឌុបគ្នាលឿន ដល់ផ្លូវបំបែកមិនបង្អង់ ទៅបុក លុចស៊ីស NX200t កំពុងបើកឆ្លងផ្លូវ របួសធ្ងន់ ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 10:29
ថ្ងៃទី20 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ យុវជនប្រុសស្រី ៣នាក់ ជិះម៉ូតូម៉ាកស្កូបពី ឌុបគ្នាយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុកជាមួយ រថយន្តម៉ាក លុចស៊ីស NX200t កំពុងបើកឆ្លងផ្លូវ ចំពីមុខចំហៀង ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួល កិនម៉ូតូជាប់ពីក្រោម អូសទៅបុកផ្ទប់រថយន្ត ២គ្រឿងទៀត ដែលចតនៅមុខផ្ទះ កាលពីវេលាម៉ោង ២និង៥៧ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៤០២កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រីចំនួន ៣នាក់ បានជិះម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KE-0939 ឌុបគ្នាតាមបណ្តោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុក រថយន្តម៉ាក លុចស៊ីស NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2807 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៤០២ ក្នុងទិសដៅពីត្បូងមកជើង ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យដួល ហើយរថយន្ត មិនទាន់អស់ល្បឿន បុកកិនម៉ូតូ អូសទៅមុខជាច្រើនម៉ែត្រ បុកផ្ទប់និងរថយន្ព ដែលចត្តនៅមុខផ្ទះលើចិញ្ចើមផ្លូវ ចំនួន ២គ្រឿងបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ ចំណែកឯយុជន ៣នាក់នោះវិញ បានរងរបួសធ្ងន់ធ្ងរទាំង ៣នាក់៕

Loading...