ជិះម៉ូតូលឿន គេចពីជង្ហុករេចង្កូត ចូលទៅផ្លូវម្ខាង បុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បោកក្បាលស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:09
ថ្ងៃទី11 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ ចេញពីផឹកស៊ីផ្ទះមិត្តភក្តិ រួចជិះម៉ូតូម៉ាក ស្កូបពី ត្រឡប់ទៅផ្ទះវិញ យ៉ាងលឿន គេចពីជង្ហុករេចង្កូត ចូលទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូម៉ាក Nex នៅក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូ ស្កូបពី ដួលបោកក្បាលស្លាប់ក្បែរម៉ូតូ ចំណែកឯភាគីម៉ូតូម្ខាងទៀត រងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ខែតុលាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សយ ប៉េងឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៥ ផ្នែកវិស្វករ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ជាមួយសង្សារ ជិតវត្តដំបូកខ្ពស់ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិយថ្ការ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងនារីម្នាក់ទៀតជិះម៉ូតូម៉ាក NEX ពាក់ផ្លាកលេខ ភ្នំពេញ 1CC- 1106 ឌុបគ្នាតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែគេឃើញមានបុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-4408 ជិះម្នាក់ឯង តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន គេចពីជង្ហុករេចង្កូត ទៅខាងស្តាំដៃចូលផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូម៉ាក Nex ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីម្ចាស់ម៉ូតូ ស្កូបពីដួលបោកក្បាលស្លាប់ក្បែរម៉ូតូភ្លាមៗ ចំណែកភាគីម្ចាស់ម៉ូតូម៉ាកNexវិញ បានរងរបួសធ្ងន់ទាំងពីរនាក់៕

Loading...