ដឹករបស់របរពីកន្លែងលក់ដូរ តាមរ៉ឺម៉កម៉ូតូវិលត្រលប់ទៅផ្ទះ ត្រូវឡានធំបុករបួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 08:45
ថ្ងៃទី19 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបែកក្បាល រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀត រងរបួសដៃស្រាល ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យ ដោយ រថយន្តធុនធំបើកបុកពីក្រោយ ធ្លាក់ជនរងគ្រោះពីលើម៉ូតូ បន្ទាប់ពីរើរបស់របរ ពីកន្លែងលក់ដូរ ដឹកតាមរ៉ឺម៉កម៉ូតូ វិលត្រលប់ទៅផ្ទះ កាលពីវេលាម៉ោង ២និង៥០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលរបួសធ្ងន់ ឈ្មោះ ឡាយ ណាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់មីឆា ចំណែកបងស្រី រងរបួសស្រាល ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិផ្លែត ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។ មុនកើតហេតុ ជនរងគ្រោះ ២នាក់បងប្អូន បានដឹករបស់របរ ពីកន្លែងលក់ដូរ តាមរ៉ឺម៉ក ដឹកវិលទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ បើកពីត្បូងទៅជើង បុកពីក្រោយរ៉ឺម៉កម៉ូតូ ធ្វើឱ្យជនរងគ្រោះ ធ្លាក់ពីម៉ូតូ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយរថយន្តបង្កបើកគេចបាត់ស្រមោល ៕

Loading...