ទៅដោះម៉ូទ័រ ចេញពីអណ្ដូង យកមកបូបទឹកចេញក្នុងបរិវេណផ្ទះ ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់
​ដោយ វត្តភ្នំ ម៉ោង 07:10
ថ្ងៃទី10 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ យុវជនម្នាក់ បានទៅដោះម៉ូទ័រ ចេញពីអណ្ដូង ដើម្បីយកមកបូបទឹក ចេញក្នុងបរិវេណផ្ទះ ដែលត្រូវបានលិចទឹក ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ក្នុងទឹកគួរឱ្យសង្វេគ ដោយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ម៉េង គីម ភេទប្រុស អាយុ ១៧ឆ្នាំ សិស្សសាលាអង្គការ ផ្នែកជាងជួសជុលម៉ូតូ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ នៅជុំវិញបរិវេណផ្ទះ មានទឹកលិច ទើបជនរងគ្រោះ បានទៅខ្ចីម៉ូទ័រ ពីសាច់ញាតិ ដែលកំពុងដាក់ ជាប់អណ្ដូងប្រើប្រចាំថ្ងៃ ដោយមិនដឹងថា ខ្សែភ្លើងជាប់និងម៉ូទ័រ មានបញ្ហាដាច់រលាត់ ឬយ៉ាងណាទេ ស្រាប់តែឆក់ជនរងគ្រោះ ដោយមិនមាននរណាម្នាក់ នៅក្បែរឬដឹងនោះទេ ប្រហែល ៤០នាទី ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ៕

Loading...