ឡាន Ford Ranger ពាក់ស្លាកលេខ នគរបាល បុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉កលក់ការ៉េម
​ដោយ វត្តភ្នំ ម៉ោង 09:01
ថ្ងៃទី29 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ រថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ នគរបាល បើកបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉កលក់ការ៉េម និងតែគុជ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ផ្ទប់ទៅនឹង របងសាលារៀនទួលស្វាយព្រៃ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១២និង១៥ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ លេខ១៩៩ កែងនឹងផ្លូវលេខ៣៧៤ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក លក់ការ៉េមនិងតែគុជ ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្ត ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-3902 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៣៧៤ ក្នុងទិសដៅពីកើតទៅលិច ជ្រុលទៅបុកជាមួយម៉ូតូ ពីចំហៀងខាងឆ្វេងពេញទំហឹង ផ្ទប់ទៅនឹងរបងសាលារៀន ទួលស្វាយព្រៃ បណ្ដាលឱ្យបុរសជាអ្នកលក់ការ៉េម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ៕

Loading...