ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត សណ្ដោងដឹកថ្មពីក្រោយ បាក់កនិងបែកក្បាល ស្លាប់
​ដោយ វត្តភ្នំ ម៉ោង 11:32
ថ្ងៃទី25 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបាក់កនិងបែកក្បាល ស្លាប់នៅក្នុងថ្លុកឈាម ដោយសារ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត សណ្ដោងដឹកថ្ម ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០និង២៥ នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុច ស្ពានអាកាស ផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ម៉េង ហ៊ុយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជួយលក់ គ្រឿងបន្លាស់រថយន្ត មានស្រុកកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ មុនកើតហេតុ គេឃើញរថយន្ត សណ្ដោងដឹកថ្ម មួយគ្រឿង ក្បាលរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3E-7255 ចំណែកកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-2203 ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានឈប់ ក៏មានបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-7757 មកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកថ្ម ពីក្រោយពេញទំហឹង បណ្ដាលឱ្យបាក់ក និងបែកក្បាល ស្លាប់នៅក្នុងថ្លុកឈាម៕

Loading...