ខណ្ឌចំការមន ៖ បុរសម្នាក់ខំដើររកប្រពន្ធ ក៍ជួបជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ បណ្តាលឲ្យរងរបួស ហើយប្លន់យកទូរសព្ទ័និងកាបូបលុយបានហើយ ក៏នាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជិតនិងក្រសួងបរិស្ថាន ផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសជាជនរងគ្រោះ បានអោយដឹងថា រូបគាត់បានបាត់ប្រពន្ធ តាំងពីព្រឹក អត់ឃើញចូលផ្ទះ ទើបគាត់បានចេញពីផ្ទះ ម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ដើរស្វែងរកប្រពន្ធរបស់គាត់ លុះមកដល់ម៉ោងកើតហេតុ រូបគាត់បានទទួលទូរស័ព្ទពីបងប្អូនថា ប្រពន្ធរបស់គាត់ កំពុងតែនៅជាមួយបងប្អូន ម្តុំកន្លែងកើតហេតុ គាត់ក៍បានដើរមកដល់ ជិតក្រសួងបរិស្ថាន ក៍ស្រាប់តែលេចមុខ ក្រុមជនសង្ស័យមានគ្នាចំនួន ៤នាក់ ប្រដាប់ដោយដាវ បានធ្វើសកម្មភាពកាប់គាត់រងរបួស ដាច់ម្រាមដៃខាងស្ដាំ ចំនួន៤ ដល់ឆ្អឹង និងរបួសជើងខាងស្តាំ និងរបួសខ្នងហើយ ក្រុមជនសង្ស័យទាំងនោះ បានយកទូរសព្ទ និងកាបូបលុយរបស់គាត់ រត់គេចខ្លួនបាត់ស្រមោល៕