ឡានដឹកមាន់ បើកបុកឡានព្រូស កំពុងបត់ឆ្លងផ្លូវ ប៉ើងផ្ទប់និងរបងផ្ទះ រងរបួសធ្ងន់ស្រាល ៦នាក់
​ដោយ វត្តភ្នំ ម៉ោង 10:20
ថ្ងៃទី6 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វារ ៖ បុរសម្នាក់ បានបើករថយន្តធន់ធំដឹកមាន់ មួយគ្រឿងក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តតូយូតាព្រូស កំពុងបត់ឆ្លងផ្លូវ ចូលទៅក្នុងបុរីមួយកន្លែង ប៉ើងផ្ទប់និងរបងផ្ទះ បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១:២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយូតាព្រូស មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2429 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីលិចមកកើត ខ មកដល់ចំនុចកើតហេតុ បានបង្អង់ល្បឿន បត់ឆ្វេងឆ្លងចូលទៅបុរីមួយកន្លែង ក៏មានរថយន្ត ម៉ាកហីយ៉ាន់ដាយ ដឹកមាន់មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0598 បើកពីកើតមកលិច ក្នុងល្បឿនលឿន ជ្រុលបុករថយន្តតូយូតាព្រូស ចំពាក់កណ្តាលចំហៀងខាងស្តាំ ពេញទំហឹង អូសទៅផ្ទប់និងរបងផ្ទប្រជាពលរដ្ឋ បណ្តាលឲ្យ មនុស្ស ៦នាក់បានរងរបួសធ្ងន់និងស្រាល៕

Loading...