ឡានរ៉េងរ៉ូវែរ បើកលឿនបត់ឆ្វេងកាត់ទទឹងផ្លូវ ត្រូវម៉ូតូជិះផ្លូវត្រង់បុកពេញទំហឹង របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី28 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបើករថយន្តម៉ាក រ៉េងរ៉ូវែរ ក្នុងល្បឿនលឿន បត់ឆ្វេងកាត់ទទឹងផ្លូវ ក៏ត្រូវម៉ូតូជិះផ្លូវត្រង់ ជ្រុលបុកចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ចំនុចមុខផ្សារទំនើបខេម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវែរ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-2928 បើកតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច មកដល់មុខផ្សារទំនើបខេម៉ល បានបួងចង្កូតបត់ឆ្វេងកាត់ទទឹងផ្លូវ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DH-2878 ជិះដោយបុរសម្នាក់ តាមផ្លូវវេងស្រេង ពីលិចមកកើតក្នុងល្បឿនលឿន ក៏បានបុករថយន្ត ពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូ ប៉ើងទៅចិញ្ចើមផ្លូវ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ៕

Loading...