បើកម៉ូតូឌុបគ្នាវ៉ាជែង ជ្រុលទៅបុកម៉ូតូនៅពីមុខ បែកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី17 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ យុវជនម្នាក់ បានបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជនម្នាក់ទៀត ជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ ដោយសារបើកម៉ូតូឌុបគ្នាវ៉ាជែង ជ្រុលទៅបុកម៉ូតូមួយគ្រឿង នៅពីមុខបណ្ដាលឲ្យដួល ហើយមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក ជិះមកបញ្ច្រាសទិសគ្នា បុកកិនពីលើចំក្បាល ហើយលើកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល កាលពីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ស្មាន់ វិច្ឆិកា អាយុ ២២ឆ្នាំ មុខរបរបុគ្គលិក លាងរថយន្ត មានស្រុកកំណើត នៅភូមិចំនោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកអង្គុយខាងក្រោយ ។ មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ២នាក់ បើកម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IS-9016 ចេញពីកន្លែងលាងរថយន្ត តាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បើកវ៉ាជែងងខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូមួយគ្រឿង មិនចាំម៉ាក នៅពីមុខ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្លួនឯង ហើយមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកបើក មកបញ្ច្រាសទិសគ្នា ពីជើងមកត្បូង ជាន់ហ្រ្វាំងមិនទាន់ បុកកិនពីលើចំក្បាលជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែង៕

Loading...