ឡានឃ្លុបដឹកដែក បើកបុកកង់ពីក្រោយ ហើយកិនកម្មការិនីរោងចក្រម្នាក់ស្លាប់ ពេលកំពុងជិះកង់ទៅធ្វើការ
​ដោយ វត្តភ្នំ ម៉ោង 09:18
ថ្ងៃទី28 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសាររថយន្តឃ្លុបដឹកដែក បើកបុកពីក្រោយ ហើយកិន ពេលកំពុងជិះកង់ទៅធ្វើការ កាលពីវេលាម៉ោង ៦និង៥០ នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ រើ ប៊ុនរ៉េត ធ្វើការនៅរោងចក្រ វាយអេស មេនូហ្វេកឆឺរីង ខេមបូឌា ជិះកង់តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅធ្វើការរោងចក្រ ស្រាប់តែមានរថយន្តឃ្លុបដឹកដែក ពាក់ស្លាកលេខ ភ្នំពេញ 3B-7729 បើកក្នុងល្បឿនលឿនមកពីក្រោយ ជ្រុលទៅបុកនិងកិនអូសជាង ១០ម៉ែត្រ បណ្តាលឱ្យនារីរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនតៃតុងរថយន្ត រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី៕

Loading...