ឡានបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយប៉ើងបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ស្លាប់ឪពុក ប្រពន្ធនិងកូន ៣នាក់ រងរបួស
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី25 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសម្នាក់ បើកករថយន្តម៉ាកស្តារិច លឿនដូចហោះ ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយពេញទំហឹង ប៉ើងទៅបោកផ្ទប់ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម បុរសម្ចាស់រ៉ឺម៉ក ខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹក ស្លាប់ភ្លាមៗ ចំណែក ប្រពន្ធនិងកូនតូចប្រុសស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៤និង៣០ នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ទី១- ឈ្មោះ មាស សុភ័ណ្ឌ អាយុ ៣៥ឆ្នាំ ភេទប្រុស ជាឪពុកបានស្លាប់ រស់នៅភូមិតាហេវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២-ឈ្មោះ សុំ ស៊ីសារ៉ា អាយុ ៣៧ឆ្នាំ ភេទស្រី រស់នៅភូមិឃុំខាងលើ ជាម្តាយរបួសស្រាល ទី៣- ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស របួសធ្ងន់ ទី៤- ឈ្មោះ មាស សុភ័ក្រនិត្យ អាយុ ៣ខួប ភេទប្រុស របួសស្រាល និងទី៥- ឈ្មោះ មាស សុភ័ក្រណានិមល អាយុ ១១ខែ ភេទស្រី របួសស្រាល។

ក្រុមគ្រួសារជនរងគ្រោះ បានបើកម៉ូតូ សណ្ដោងរ៉ឺម៉កមួយគ្រឿង មិនមានស្លាកលេខ មកឈប់ចត នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះ ស្រាប់តែមានរថយន្តម៉ាកស្តារិច ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយពេញទំហឹង ប្លោងទៅមុខជាច្រើនម៉ែត្រ បោកផ្ទប់នឹងបង្គោលភ្លើង បាក់អស់មួយដើម បណ្ដាលឱ្យបុរសជាឪពុក ធ្លាក់ចូលក្នុងប្រឡាយទឹក ស្លាប់យ៉ាងអាណោចអាធ័ម រីឯស្រ្តីជាប្រពន្ធនិងកូនតូចប្រុសស្រី ៣នាក់ទៀត រងរបួសធ្ងន់ស្រាល៕

Loading...