ថៅកែចិន ជាម្ចាស់ល្បែងអនឡាញ ប្រើហិង្សាលើនារីម្នាក់ ក្នុង KTV Spring Paris Club
​ដោយ វត្តភ្នំ ម៉ោង 14:00
ថ្ងៃទី15 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ នារីបម្រើក្នុង KTV Spring Paris Club ត្រូវបានជនជាតិចិនម្នាក់ ដែលនាងអះអាងថា ជាអ្នកមានអំណាច ជាម្ចាស់ល្បែងអនឡាញ បានហៅនាងទៅអង្គុយផឹកស៊ីជាមួយ រួចប្រើអំពើហិង្សាលើរូបនាងយ៉ាងចាស់ដៃ ថែមទាំងអង្គរក្ស របស់ជនដៃដល់ និងសន្តិសុខសណ្ឋាគារ បានព្យាយាមរំដោះជនដៃដល់ រត់គេចខ្លួនបាត់ស្រមោលតែម្តង កាលពីវេលាម៉ោង ១២និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ KTV Spring Paris Club តាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរប៉ុស្តិ៍ចោមចៅ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ មានជនជាតិបរទេសមួយក្រុម បានមកអង្គុយផឹកស៊ី នៅសណ្ឋាគារ KTV Spring Paris Club រួចហៅរូបនាង និងនារីៗផ្សេងៗទៀតទៅអង្គុយផឹកកំដរ។ បន្ទាប់ពីផឹកមិនបានប៉ុន្មានផង ជនជាតិចិនម្នាក់ ជាជនដៃដល់ ដែលជាអ្នកមានលុយ ឬ ជាមេល្បែងអនឡាញ បានសួររូបនាងថា ខ្លាចពួកគេដែរឬទេ? រូបនាងក៏ឆ្លើយវិញថា គ្មានអ្វីត្រូវខ្លាចនោះទេ។ បន្ទាប់ពីនាងឆ្លើយរួចបានបន្តិច ជនដៃដល់ បានចាប់ច្របាច់កនិងចាប់ក្បាល នាងបោកទៅនឹងឥដ្ឋការ៉ូ យ៉ាងពេញទំហឹង រហូតមានក្រុមជនជាតិចិន ដែលជាក្រុមរបស់ជនដៃដល់ បានទៅចាប់ជនដៃជនដៃដល់ ដើម្បីកុំឲ្យប្រើហិង្សាលើរួបនាងបន្តទៀត។ ជនសង្ស័យបានហៅអង្គរក្សរបស់ខ្លួន ប្រមាណជា ១០ម៉ូតូមកដល់សណ្ឋាគារកើតហេតុ រួចក៏រត់គេចខ្លួនបានសម្រេច៕

Loading...