ជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះ ត្រូវចោរឆក់ខ្សែក តែមិនបានសម្រេច ដួលរងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 10:20
ថ្ងៃទី1 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង តាមធ្វើសកម្មភាពឆក់ខ្សែក តែមិនបានសម្រេច បណ្តាលឱ្យដួល ពេលកំពុងជិះម៉ូតូ ចេញពីកន្លែងធ្វើការ កាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ងួន ផេងអាំង ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានប្តីជាជនជាតិចិន ស្នាក់នៅ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកសម្ភារៈ ខ្សែកប្លាទីនជិត ១តម្លឹង ទាំងបន្តោង មិនបានបាត់បង់ឡើយ តែដួលរងរបួសបែកមុខ។ ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-7304 ចេញពីធ្វើការរោងចក្រ ម្តុំវត្តស្លែង វិលទៅផ្ទះ នៅភូមិក្រាំងដូនទៃ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ស មិនចាំស្លាកលេខ តាមពីក្រោយ មកធ្វើសកម្មភាពឆក់ខ្សែក តែមិនបានសម្រេច មិនដាច់ខ្សែក បែជាដួលរងរបួស ហើយជនសង្ស័យគេចខ្លួនបាត់ទៅ៕

Loading...