ឡំប្រឺតា បើកលឿន ជ្រុលទៅបុកផ្ទប់ឡាន Ford TERRITORY កំពុងបើកឆ្លងផ្លូវ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 12:15
ថ្ងៃទី9 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់បើកឡំប្រឺតា ដឹកបុរសជនបរទេស ធ្វើដំណើរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់នឹង រថយន្តម៉ាក Ford TERRITORY ដែលបើកឆ្លងផ្លូវ ចំពាក់កណ្តាលទ្វារ ចំហៀងខាងស្តាំពេញទំហឹង បណ្តាលឱ្យម្ចាស់កង់បី និងអ្នករួមដំណើរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ កាលពីវេលាម៉ោង ១១:៥០ នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Ford TERRITORY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-3276 បើកបរដោយបុរសម្នាក់ ដំណើរចេញពីផ្លូវលេខ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ឆ្លងផ្លូវបំបែកជាបួន ពេលឆ្លងដល់កណ្តាលផ្លូវ ស្រាប់តែមានឡំប្រឺតា មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GW-8205 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៥២៨ ពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកផ្ទប់រថយន្ត ចំពាក់កណ្តាលទ្វារ ចំហៀងខាងស្តាំ បណ្តាលឱ្យក្រពឹតរងការខូចខាត និងផ្ទុះពោងសុវត្តិភាព។ ចំណែកឡំប្រឺតាវិញ បានរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ទាំង ២នាក់៕

Loading...