បង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីមិនប្រយ័ត្ន បង្កជាអគ្គីភ័យឆេះស្ថានីយប្រេងឥន្ធនៈ ចិនខ្មៅ
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី3 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកពួក ÷ ភ្លើងបានឆាបឆេះ ស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ចិនខ្មៅ ហាងគ្រឿងទេស និងភេសជ្ជៈ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៩និង២០ នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំង ឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជា សុខ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សេឡិន ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ០១គ្រឿង ចំណុះ ៣២ពាន់លីត្រ មានប្រេងសាំងចំណុះ ៨ពាន់លីត្រ ចូលមកដាក់ប្រេង នៅកន្លែងកើតហេតុខាងលើ ។ លុះពេលបង្ហូរប្រេង ចូលក្នុងស៊ីទែនកប់ក្នុងដី បានប្រហែល ១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ។ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្ត ចេញពីចំណុចកើតហេតុ ទាំងភ្លើងកំពុងឆេះទុយោរ បង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវ ហើយភ្លើងចាប់ផ្តើមឆេះ សន្ធោរសន្ធៅឡើង។ ក្នុងនោះភ្លើងបានរាលឆ្លងឆាបឆេះ ផ្ទះជាប់គ្នា មានម្ចាស់ឈ្មោះ ឡុច លន ភេទ ប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ និងរោលជញ្ជាំងថ្ម អាចខូចខាតមួយចំហៀងផ្ទះ។

សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង ២១និង២០ នាទី ។ ចំណែកអ្នកបើកបររថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន យកទៅសួរនាំ នៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការទៅតាមផ្លូវច្បាប់៕

Loading...