ឡានដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូ និងអ្នកថ្មើរជើង ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:26
ថ្ងៃទី20 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុករលាប្អៀរ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររថយន្ត ដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅមុខផ្សារព្រៃខ្មែរ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡាយ ម៉ៅ ភេទស្រី អាយុ ៧០ឆ្នាំ រស់នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ ព្រំ ស៊ីដានី ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ មុនពេលកើតហេតុ មានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣E-០២៥១ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងដំណើរខ្វែងទិសគ្នា ពេលមកដល់ចំណុចកើតហេតុ ក៏បានទៅបុកម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ទឺកសមុទ្រ គ្មានស្លាកលេខ បើកបរក្នុងទិសដៅ ពីលិចទៅកើត បណ្តលអោយជនរងគ្រោះ ប៉ើងចេញពីម៉ូតូរងរបួសធ្ងន់ បានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្ត បានជ្រុលទៅបុក អ្នកថ្មើរជើងម្នាក់ទៀត បង្ករអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕

Loading...