ជិះម៉ូតូលឿនមិនប្រយ័ត្ន បុកគ្នាពេញទំហឹង បុរស ២នាក់ បាត់បង់ជីវិតគួរឲ្យអាណិត
​ដោយ វត្តភ្នំ ម៉ោង 09:22
ថ្ងៃទី14 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកត្រាំកក់ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូលឿន មិនប្រយ័ត្ន បុកគ្នាពេញទំហឹង នៅវេលាម៉ោង ១៧និង៣០ នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងគេឃើញ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512 បើកដោយឈ្មោះ ឈៀង បារាំង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ បើកពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ភ្នំពេញ 1JK-0012 បើកដោយឈ្មោះ ឆន ជីវ័ន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បើកពីលិចទៅកើត បានបុកគ្នាពេញទំហឹង៕

Loading...