ឡានលុចស៊ីស RX350​ ពាក់ផ្លាកលេខ នគរបាល បុកជាមួយកាមរីហាយប្រីដ ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 08:41
ថ្ងៃទី12 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖​  រថយន្ត ២គ្រឿង បានបុកគ្នាពេញទំហឹង​ បណ្ដាលឱ្យ​លោកអធិកា​ររង ស្រុកកៀនស្វាយម្នាក់​ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់ទៀត បានស្លាប់យ៉ាងរន្ធត់​ ក្នុងនោះក៏មាននារី ២នាក់ និងបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយ បានរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៤​ នៅចំណុចទល់មុខ វត្តចម្ប៉ា លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​   ជនរងគ្រោះដែលស្លាប់​ ទី១-ឈ្មោះ ហេង​ ស៊ីថារ៉ូ ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជា អធិការរង ស្រុកកៀនស្វាយ។​ ទី២​-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុជាង ២០ឆ្នាំ  មានតួនាទីជា នាយរងប៉ុស្ថិ៍ដីឥដ្ឋ។  មុនកើតហេតុគេឃើញ រថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់ រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន​ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីស RX350​ ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ មនុស្សប្រុសស្រីចំនួន ៤នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ ១​ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន​  រេចង្កូតឆ្លងចូលគន្លងផ្លូវ ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដ ចំពីមុខពេញទំហឹង ប្លោងខ្ទាតទៅបោកផ្ទប់នឹងរបង បណ្តាលឱ្យស្លាប់និងរបួស៕

Loading...