ពលរដ្ឋខ្មែរ នៅតែអាចចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូថ្មពេជ្រ យ៉ាងគគ្រឹកគគ្រេង
​ដោយ វត្តភ្នំ ម៉ោង 11:42
ថ្ងៃទី10 ខែOctober ឆ្នាំ2023
សូមរាយការណ៍

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ បានឲ្យដឹងថា កាស៊ីណូថ្មពេជ្រ នៅជាប់ច្រកទ្វារអន្តរជាតិ ក្អមសំណ នៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងបន្តបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ច្រើនប្រភេទ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជាល្បែងបញ្ជល់មាន់ អាប៉ោង បៀ និងយូគី រហូតកើតមានអំពើហិង្សា ​ជាញឹកញាប់ ព្រោះសមត្ថកិច្ច ប្រចាំកាស៊ីណូថ្មពេជ្រ មិនចាត់វិធានការ ទប់ស្កាត់ឡើយ ស្របពេលដែល អាជ្ញាធរខេត្តកណ្តាល បានរក្សាភាពស្ងៀមស្ងាត់។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយ ស្តីពីការ រឹតត្បិតការ ចូលលេងល្បែងភ្នាល់ ក្នុងកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាម ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​រួម​ទាំង​ កងកម្លាំងប្រដាប់អាវុធ អ្នករាជការ​សាធារណៈ និង​ពលរដ្ឋ​ទទួល​អាណត្តិ ដោយ​ការ​បោះ​ឆ្នោត មិនអោយចូលលេងល្បែងស៊ីសងនោះទេ។

គណៈកម្មការ គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ បាន​លើក​ទៀត​ថា ក្នុង​ករណី ប្រតិបត្តិ​ករ និង​ឬ​កម្មសិទ្ធិករ​កាស៊ីណូ មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ត្រូវ​ចាត់​ទុក​ថា បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​ប្រឈម ​នឹង​ការ​ដាក់​ទណ្ឌកម្ម រដ្ឋបាល និង​​ឬ​ពិន័យ​អន្តរការណ៍ ស្រប​តាម​ការ​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន។ យ៉ាងណពាក៏ដោយ ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់ អនិវត្តន៍តាមទេ ។ ជាក់ស្តែងក្រុមអ្នកលេងល្បែង ក្នុងកាស៊ីណូ ថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយអនាធិបតេយ្តផ្តើមចេញពីជម្លោះ នៃការភ្នាល់ដាក់លុយ ។

តាមការបង្ហើបពីអ្នកធ្លាប់ចូលទៅ ក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងថា​ ម្ចាស់កាស៊ីណូនេះ មានមន្ត្រីយោធាធំម្នាក់ នៅពីក្រោយខ្នង ទើបអាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរ ឲ្យចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពនេះបានបង្ហើបឲ្យដឹងថា​ មានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាល ផងដែរទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងពេញបន្ទុក ហើយម្ចាស់កាស៊ីណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រជាពលរដ្ឋអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យ ម្ចាស់កាស៊ីណូថ្មពេជ្រ ធ្វើអ្វីៗតាមអំពើចិត្តទៀត៕

Loading...