ខឹងប្រើក្មេងឱ្យទិញថ្នាំញៀនមិនបាន បាញ់ ២គ្រាប់ របួស ៦នាក់
​ដោយ វត្តភ្នំ ម៉ោង 12:31
ថ្ងៃទី4 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ ក្មេងប្រុសស្រី ចំនួន ៦នាក់ បានរងរបួស ធ្ងន់និងស្រាល ដោយសារជនសង្ស័យ ២នាក់ ដកកាំភ្លើងខ្លី បាញ់ ២គ្រាប់ ព្រោះខឹងប្រើក្មេងប្រុសម្នាក់ ឱ្យទិញថ្នាំញៀន តែទិញមិនបាន កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមជនរងគ្រោះ រួមមាន ១-ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ១៨ឆ្នាំ ទី២-ឈ្មោះ ចៅ ម៉េងហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ រងរបួសភ្លៅ និងទី៣ឈ្មោះ ថុល គីមលី អាយុ ១៤ឆ្នាំ មុខរបរ លាងរថយន្ត រងរបួសជង្គង់ ជាប់គ្រាប់កាំភ្លើង ។ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា មានជនសង្ស័យចំនួន ២នាក់ ដើរមកក្នុងភូមិ ហើយបានប្រើក្មេង អោយទៅទិញ គ្រឿងញៀនអោយ បន្ទាប់មកក្រុមក្មេង ជាជនរងគ្រោះ បានបដិសេធ ហើយជនសង្ស័យ បានយកដបទឹក ទៅគប់ទៅលើ ក្រុមជនរងគ្រោះ បណ្តាលឲ្យក្រុមជនរងគ្រោះខឹង ហើយតបតវិញ ដោយបាននាំគ្នាវាយ លើក្រុមជនសង្ស័យ២នាក់ខាងលើ ។

បន្ទាប់មកជនសង្ស័យម្នាក់ បានយកកាំភ្លើង មកបាញ់ទៅលើបេតុង ចំនួន ២គ្រាប់ និងបណ្តាលឲ្យ គ្រាប់កាំភ្លើង ប្លាតត្រូវប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ចំនួន ៦នាក់ រួមទាំងក្មេងតូចអាយុមួយខួបកន្លះ ផងដែរ។ ជនរងគ្រោះ រងរបួសធ្ងន់មាន ៣នាក់ នឹងស្រាលចំនួន ៣នាក់ ត្រូវបានក្រុមគ្រួសារ នាំយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ដោយឃាត់បាន ជនសង្ស័យ ដែលបាញ់ខាងលើបានម្នាក់ រួមនិងបក្សពួកជនរងគ្រោះ ២នាក់ នាំមកសួរនាំ នៅប៉ុស្តិ៍នគរបាល សង្កាត់គោករកា៕

Loading...