អ​ភិ​បា​ល​ខេ​ត្ត​​កំ​ព​​ង់​ឆ្នាំ​ង ឈួ​រ ច័ន្ទ​​ឌឿ​ន ជា​ប់​​ប​ណ្ដឹ​ង​​នៅ​ អ​ង្គ​ភា​ព​​ប្រ​ឆាំ​ង​​អំ​ពើ​ពុ​ក​រលួ​យ ពា​ក់​ព័ន្ធ​​​ការ​​​ប្រគ​ល់​​​ដី​​ ឲ្យ​​ក្រុម​ហ៊ុន​ អិ​​ល​ខេ​​អិ​​ល
​ដោយ វត្តភ្នំ ម៉ោង 12:06
ថ្ងៃទី5 ខែOctober ឆ្នាំ2017
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ លោ​ក ឈួ​រ ច័ន្ទ​​ឌឿ​ន អភិ​បាល ខេត្ត​កំព​ង់​ឆ្នាំង កំពុ​ង​​ជាប់​​ប​ណ្ដឹង នៅក្នុ​ង​អ​ង្គ​ភាព ​ប្រ​ឆាំ​ង​អំ​ពើ​ពុក​រលួយ ពា​ក់​ព័ន្ធ​​ជា​មួយ ភា​ព​មិន​​ប្រ​ក្រ​តី ក្នុងការ​​បែង​ចែ​ក​​ដីរ​ដ្ឋ ជូន​​ដ​ល់​ប្រ​ជាព​លរដ្ឋ នៅក្នុ​ង​​ខេត្ត ដែល​​ត្រូវ​បានប្ដឹង​ដោយ​ជនអនាមិក តែ​លោក​អភិបាល បាន​អះអាងថា មិន​ពាក់ព័ន្ធ ក្នុង​រឿង ចោទប្រកាន់ នោះទេ​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន រង​ការចោទប្រកាន់ ពី​ជនអនាមិក ដែល​បាន​ប្តឹង ទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ លើ ៤ ចំណុច រួមមាន ការ​ចោទថា លោក​បាន​លក់​ដី​រដ្ឋ ឲ្យ​ក្រុមហ៊ុន អិ​ល​ខេ​អិ​ល ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី ហើយ​លោក ទទួលបាន​ប្រាក់ យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី​ការតម្រូវ ឲ្យ​ពលរដ្ឋ មួយ​គ្រួសារ បង់ប្រាក់ ១០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការផ្លាស់ប្តូរ ទៅ​នៅ​ទីតាំង​ថ្មី ការចាក់ដី លក់​ឲ្យ​ឈ្មួញ និង​ទទួលបាន​ដី ១០ ឡូត៍ និង​ការ​ចោទថា បានផ្តល់ ប័ណ្ណកម្មសិទ្ធិ យឺតយ៉ាវ សម្រាប់​ពលរដ្ឋ​។​

​អង្គភាព ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ បានទទួល​ការបំភ្លឺ ពី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដោយ​លោក​បដិសេធថា លោក​មិនបាន ពាក់ព័ន្ធ​ជាមួយ ការចោទប្រកាន់​ទាំង​នោះទេ​។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​បំភ្លឺថា ការអភិវឌ្ឍ​តំបន់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់ មនុស្ស​មួយចំនួន ដែល​មិនបាន​ដី «​អ្នកខ្លះ បាន​សប្បាយ អ្នកខ្លះ ក៏​មិន​សប្បាយ​។ ខ្ញុំ​អត់​មាន​ដី ១០ ឡូត៍ ២០ ឡូត៍​ណា ខ្ញុំ​អត់​មាន​ទេ​។ សូម្បីតែ​ដី​ខ្ញុំ នៅ​ហ្នឹង ក៏​អត់​មាន​ដែរ​។ ដីស្រែ​ដីចម្ការ ខ្ញុំ​ទិញ​ពី​ពលរដ្ឋ​អី ក៏​អត់​មាន​ដែរ​»​។ លោក​បញ្ជាក់ថា ពលរដ្ឋ​ចំនួន ២១០ គ្រួសារ កំពុងតែ​រុះរើ ប្តូរ​ទីលំនៅ ទៅ​ទីតាំង​ថ្មី ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​។ 

​យ៉ាងនាក៏ដោយ អនុប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ លោក នួន បូ​ផល បាន​ឲ្យ​ដឹងថា ការបំភ្លឺ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អាច​បញ្ចប់ ការចោទប្រកាន់​នេះ ប្រសិនបើ​លោក ច័ន្ទ​ឌឿ​ន បានផ្តល់​ចម្លើយ និង​ភ័ស្តុតាង ដោះ​បន្ទុក គ្រប់គ្រាន់​ថា អត់​បាន​ប្រព្រឹត្ត អំពើ​អ្វី​ខុសច្បាប់ ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ មាន​តម្រុយ​សង្ស័យ​អ្វីមួយ មន្ត្រី​ដែល​កាន់ សំណុំ​រឿងនេះ អាច​បន្ត​ស៊ើបអង្កេត តទៅទៀត​។ សូម​រំលឹកថា ប្រជាពលរដ្ឋ ដែល​រស់នៅ តាម​បណ្ដោយ ច្រាំងទន្លេ​ក្នុង​ក្រុង​កំពង់ឆ្នាំង រហូតដល់ ទីតាំង​អភិវឌ្ឍន៍ គឺ​ត្រូវតម្រូវ ឲ្យ​ប្តូរ​ទីលំនៅ ទៅ​រស់នៅ ទីតាំង​អភិវឌ្ឍន៍​ថ្មី បង្ក​ឲ្យ​មានទំនាស់ រហូត​មានការ ប្តឹងផ្តល់ ទៅ​ស្ថាប័ន​នានា ផងដែរ​៕

P 0510B19

Loading...