លំ​ហូ​​ស​ត្វ​​ជ្រូក​​រស់ ដោ​យ​​អ​​នាធិ​​ប​តេ​យ្យ ពី​​ប្រ​ទេ​ស​ជិ​ត​ខា​ង ​​ឈ្មួញ​ក​ណ្តា​ល​ចំ​ណេ​ញ​ក​ប់​ក្តោ​ង ចំ​ណែ​ក​​អ្នក​ខាត​បង់ គឺ​​ប្រ​ជា​ក​សិ​ករ​​ខ្មែរ​
​ដោយ វត្តភ្នំ ម៉ោង 10:39
ថ្ងៃទី6 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្ត​ក​ណ្ត​ល ៖ ប្រជា​ពលរដ្ឋ ក្នុង​​ឃុំ​ដី​ឥដ្ឋ ឃុំ​ប​ន្ទាយ​ដែក និ​ង​ឃុំ​គ​គី ប្រមា​ណ ១០០​នា​ក់ បាន​លើ​ក​គ្នា មកកា​ន់​​មាត់​ទន្លេ ភូ​មិ​ខ្សុំ ឃុំ​ដី​ឥដ្ឋ ស្រុក​​កៀន​ស្វាយ ខេត្តកណ្តាល កាល​ពី​យ​ប់ ថ្ងៃទី​៦ ខែ​ឩ​​សភា ឆ្នាំ​​២០១៧ ធ្វើ​ការ​ឡោ​មព័ទ្ធ រថ​យន្ត​​ដឹក​សត្វ​ជ្រូក ឆ្លងដែន​ពី​វៀតណាម ចូលមក​កម្ពុជា ដោយ​ពួកគាត់ សំណូមពរ ដល់​ក្រសួង កសិកម្ម រុក្ខា​ប្រ​ម៉ាញ និង​នេសាទ សូម​ឲ្យ​ជួយ​ទប់ស្កាត់ ក្រុម​ឈ្មួញ នាំ​សត្វ​ជ្រូក​រស់ ចូល​ពី​ប្រទេស​វៀតណាម ដោយ​អនាធិបតេយ្យ ដើម្បី​ឲ្យ​ពួកគាត់ អាច​ប្រកប របរ​ចិញ្ចឹម​ជ្រូក បានយូ​អង្វែង តទៅទៀត​។​

​ប្រជាពលរដ្ឋ ដែល​លើកគ្នា ទៅ​ឡោមព័ទ្ធ រថយន្ត​ដឹក​ជ្រូក បាន​និយាយថា ដោយសារតែ ក្រុម​ឈ្មួញ នាំ​សត្វ​ជ្រូក​រស់ ចូល​ពី​ប្រទេស​វៀតណាម យ៉ាងគំហុក ធ្វើ​ឲ្យ​តម្លៃ ទីផ្សារ​ជ្រូក​រស់ ចុះ​ទាប ធ្វើ​ឲ្យ​ពួក​ជា​អ្នក​ចិញ្ចឹម​ជ្រូក ខាត​ក្នុង ១​ខែៗ រាប់លាន​រៀល ដូច្នេះហើយ ពួកគាត់ សំណូមពរ ឲ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ និង​នេសាទ ជួយ​ទប់ស្កាត់ ការនាំ​ជ្រូក​ចូល ដោយ​អ​នា​ធិ​តេ​យ្យ សូម​ឲ្យ​កំណត់ ជាក់លាក់ ទៅតាម​តម្រូវការ​ក្នុងស្រុក បើ​មិន​ដូច្នេះ​ទេ ប្រជាកសិករ ប្រឈម​និង​ការ ដួលរលំ ចិញ្ចឹម​លែង​បាន​។​

​ប្រជាពលរដ្ឋ​ម្នាក់ បាន​និយាយថា លំហូរ​នៃ​ចូល​សត្វ​ជ្រូក ពី​ប្រទេសជិតខាង អ្នក​បាន​ចំណេញ​ច្រើន គឺជា​ឈ្មួញកណ្តាល ចំណែក​អ្នកខាតបង់ គឺ​ប្រជាកសិករ​ខ្មែរ ព្រោះ​ការលក់​ជ្រូក​រស់ បាន​តម្លៃ​ទាប ប៉ុន្តែ​ពេល​ទៅ​ទិញ សាច់ជ្រូក មក​ទទួលទាន មានតម្លៃ​ខ្ពស់ ដដែល​។ កាលពី​តម្លៃ​ជ្រូក​រស់ ១​គីឡូក្រាម ៩​ពាន់​រៀល តម្លៃ​ត្រឹមតែ ១​គីឡូ ១៨០០០​រៀល ប៉ុន្តែ​ពេល​តម្លៃ​ជ្រូក​រស់ ធ្លាក់​ដល់ ៥០០០​រៀល ក្នុង ១​គីឡូក្រាម តែ​តម្លៃ​សាច់ជ្រូក នៅលើ​ទីផ្សារ នៅតែមាន​កម្រិត ខ្ពស់​ដដែល ដោយ ១​គីឡូក្រាម ១៧០០០​រៀល ទៅ ១៨០០០​រៀល ដូច្នេះ​អ្នក​ចិញ្ចឹម ក៏​ចិញ្ចឹម​មិនកើត ចំណែក​អ្នកទិញ​សាច់ មក​ទទួលទាន ថ្លៃ​ដដែល ។​

​សូមបញ្ជាក់ថា រថយន្ត ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ៣​អា​០៤២១ ជា​រថយន្ត​ដឹក​ជ្រូក របស់​ក្រុមហ៊ុន សុខ​រិ​ទ្ធិ​មានជ័យ ត្រូវបាន​នាយកដ្ឋាន សុខភាព​សត្វ និង​ផលិតផល​សត្វ និង​មានការ សហការ​ជាមួយ បសុពេទ្យ ខេត្តកណ្តាល ចុះ​ឃាត់​បាន នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ខ្សុំ ស្រុក​កៀនស្វាយ កាលពី​វេលា​ថ្ងៃត្រង់ ទី​៦ ខែ​ឩ​សភា ដើម្បី​ត្រួតពិនិត្យ លិខិត​ឆ្លង ប៉ុន្តែ​ក្រោយ​ពិនិត្យ​រួច រកឃើញថា រថយន្ត​ខាងលើ គ្រាន់តែ​ខុស ស្លាក​លេខ ក្នុង​លិខិតអនុញ្ញាត ឲ្យ​ដឹកជញ្ជូន​តែ​ប៉​ណ្ណោះ​។ 

​បើ​យោងតាម​ច្បាប់ ត្រូវ​ពិន័យ​ចាប់ពី ១០​លាន​រៀល ទៅ ១៥​លាន​រៀន នេះ​បើ​ពិនិត្យឃើញថា សត្វ​ជ្រូក​មិនមាន​ជំងឺ តែបើ​ពិនិត្យ​ទៅ រកឃើញ​មាន​ជំងឺ គឺ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ដោយ​យក​សត្វ​ជ្រូក ដាក់​នៅ​កា​រ៉ង​តែ​ន ២១​ថ្ងៃ ដើម្បី​តាមដាន  រក​មេរោគ​បន្ត​។ សូមបញ្ជាក់ថា រយះពេល ២​ថ្ងៃ សមត្ថកិច្ច ឃាត់​បាន​រថយន្ត ដឹក​ជ្រូក ៩​គ្រឿង ដោយ​ថ្ងៃទី​៣ ឩ​សភា ឃាត់​បាន ៥​គ្រឿង ហើយ​នៅ​ថ្ងៃទី​៦ ឩ​សភា ឃាត់​បាន ៤​គ្រឿង​ទៀត ហើយ​រថយន្ត​ទាំងអស់ រកឃើញ​សុទ្ធតែ ខុស​ស្លាក​លេខ ជាមួយ​លិខិត អនុញ្ញាតិ ឲ្យ​ដឹកជញ្ជូន​៕

P 0605A10 P 0605A9 P 0605A15


Loading...