ក្រុម​ហ៊ុន​លោ​ក​ឧ​ក​ញ៉ា រ័ត្ន សា​​ខ​ន ប្រ​មូល​​ដឹ​ក​ឈើ ពី​​ក្រៅ​​តំ​ប​ន់​ស​ម្ប​​ទា​ន យ​ក​ទៅ​​កែ​ច្នៃ ធ្វើ​​អា​ជីវ​ក​ម្ម ដោ​យ​​រលូ​ន​ គ្មា​ន​​នរ​ណា​​ហ៊ា​ន​​​ក្អ​ក 
​ដោយ វត្តភ្នំ ម៉ោង 11:38
ថ្ងៃទី6 ខែApril ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ ក្រុមហ៊ុន​​វិនិ​យោគ​​មួយ ឈ្មោះ រ័ត្ន សា​​ខ​ន ដែល​មាន​​ទី​តាំង នៅ​​ឃុំ​សេ​​ដា ស្រុក​​លំ​ផាត់ បាន​​ប្រមូ​ល​ដឹ​ក​ឈើ​​ហុប មិន​​ស្រប​ច្បាប់ ពី​តំ​បន់​​ផ្សេង​ៗ យ​កទៅ​​​កែច្នៃ លក់​ធ្វើ​​អាជីវ​កម្ម ដោយ​​ជ្រក​​ក្រោម ច្បាប់​​ដី​​ស​ម្បទាន សេដ្ឋ​កិច្ចហើយ​ខាង​ក្រុមហ៊ុន រ័ត្ន សា​ខន បាន​ទៅ​បំផុស ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឲ្យ​ទៅ​កាប់​ឈើ​ល្អៗ ក្នុង​តំបន់​ព្រៃ ដែល​គ្រប់គ្រង ដោយ​សហគមន៍ និង​មន្ទីរ​បរិស្ថាន​ខេត្ត ដែលមាន​ទីតាំង ជាប់​ដី​របស់ ក្រុមហ៊ុន​នោះ គឺ​ដើម្បី​បន្លំ​ថា ជា​ឈើ​របស់​ពួកគេ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ក្រោយពី​គេ កំណត់​បាន​ឈើ​ល្អៗ តាម​តម្រូវការ​ហើយ​នោះ ខាង​ក្រុមហ៊ុន ឲ្យ​កម្លាំង​ដើរកាត់ ផ្តួល​ឈើ​នោះ ដួល​ពេញ​ព្រៃ រួច​ចាំ​ឱកាស​ស្ងាត់ គេ​យក​រថយន្ត ស្ទួ​ច​ធុន​ធំ ចូល​ដឹកយក​ឈើ​នោះ ជា​បន្តបន្ទាប់ ចូល​រោងចក្រ​អារ​លក់ ធ្វើ​អាជីវកម្ម ដោយ​ពុំ​មានការ ត្រួតពិនិត្យ ពី​មន្ត្រី​ជំនាញ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៨ ខែមីនា កន្លងទៅ មាន​រថយន្ត​កែច្នៃ ធុន​ធំ​ចំនួន ២​គ្រឿង បាន​ផ្ទុក​ឈើហុប​ពេញ ដឹក​ចេញពី ព្រៃ​សហគមន៍ ភូមិ​កែង​សាន់ ក្នុងភូមិ​សេ​ដា ស្រុក​លំផាត់ ឆ្ពោះទៅ​ចូលក្នុង បរិវេណ​រោងចក្រ​អារឈើ របស់​ក្រុមហ៊ុន មួយ​នេះ​។​

​លោក​មេឃុំ​សេ​ដា បាន​ប្រាប់ អ្នកកាសែត​ថា រឿង​ក្រុមហ៊ុន​រ័ត្ន សា​ខន ទោះ​មានច្បាប់ ឫ​អត់​ច្បាប់ គេ​ធ្វើ​មិនដែល ប្រាប់​យើង ក្នុងនាម​ជា អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បានដឹង​ឡើយ​។ កន្លងមក​ខាង​ក្រុមហ៊ុន ប្រមូល​ឈើ នៅ​ព្រៃ​សហគមន៍ និង​តំបន់ ដែនជម្រកសត្វព្រៃ ប្រាប់​តែម​ន្ត្រី​ជំនាញ ប៉ុន្មាន​នាក់​ទេ ដោយ​សំអាងថា ឈើ​ប្រមូលបាន ក្នុង​តំបន់​ដី​សម្បទាន​។ បើ​អ្នកកាសែត បានឃើញ សកម្មភាព ដឹកឈើ​ហើយ​នោះ គួរតែ​សួរ​ទៅ មន្ត្រី​បរិស្ថាន​ទៅ គេ​ជា​អ្នកគ្រប់គ្រង ដែនជម្រកសត្វព្រៃ នោះ​ស្រាប់​។​

​យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី បាន​បញ្ជាក់ថា ក្រុមហ៊ុន រ័ត្ន សា​ខន គេ​កំពុង​រត់ការ​ច្បាប់ នៅត្រឹម​ថ្នាក់​ខេត្ត ដើម្បី​ប្រមូល​ដឹក យក​ឈើ​អនាធិបតេយ្យ ពី​តំបន់​ផ្សេងៗ ចូល​រោងចក្រ រួច​គេ​ឲ្យ​ខាង​មេព្រៃ ចុះទៅពិនិត្យ​វាស់វែង ដើម្បី​បង់ពន្ធ​។ ក្រោយពី​បង់ពន្ធ​រួច ទើប​អនុញ្ញាតិ ឲ្យ​ក្រុមហ៊ុន អារច្រៀក​កែច្នៃ ឈើ​នោះ ហើយ​ក្រុមហ៊ុន រ័ត្ន សាខ នៅមុន​ពេល មិនទាន់បាន​ច្បាប់​ផង គេ​ឆ្លៀត​ឲ្យ​កម្មករ ដឹកយក​ឈើ ពី​ក្នុងព្រៃ មក​អារ​លក់ រកប្រាក់​ចែកគ្នា ដាក់​ហោប៉ៅ ដោយ​រលូន បាត់ទៅហើយ​៕

P 0604A10

Loading...