ឈ្មោះ ទា ខៃ​​ម៉េង ឯ​ម សុ​ង​​ហ៊ួ និ​ង ជុំ រត​នា​ ទ​ទួ​ល​​ប្រា​ក់​​ពី​​ឈ្មួ​ញ អ៊ុ​ក ញ៉ រា​ប់​ម៉ឺ​ន​​ដុ​ល្លា​រ ក្នុ​ង​​កា​រ​​​បិ​ទ​​ភ្នែ​ក ឲ្យ​បំ​ផ្លាញ​​ព្រៃ​ឈើ​ នៅអូរ​​ហ៊ុ​​ច​
​ដោយ វត្តភ្នំ ម៉ោង 12:05
ថ្ងៃទី3 ខែApril ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ ពាក់​ព័ន្ធ​​ទៅ​នឹង ការ​អនុ​ញ្ញាត​​ឲ្យ ជន​ជាតិ​​វៀត​ណាម ចូល​មក​អា​រ​ផ្តួល​រំលំ​​ឈើ និង​​ដឹក​ជ​ញ្ជូន ចេញ​ពី​​តំប​ន់ អូរ​ហ៊ុ​​ច ទៅ​វៀត​ណា​ម គឺជា ​ប​ទ​ល្មើស​ឧក្រិដ្ឋ ដែល​​គណៈ​កម្ម​ការ​​ជាតិ បង្ក្រាប​​បទ​ល្មើស ធន​ធាន​ធម្ម​ជាតិ មាន​​ចំណាត់ការ យ៉ាង​ក្តៅគគុក តាម​នីតិវិធី ដើម្បី​រក​ឲ្យ​ឃើញ ជន​ពាក់ព័ន្ធ នឹង​បទល្មើស បំផ្លាញ​ព្រៃឈើ នៅ​តំបន់​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទង់ ស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយ​ការស៊ើបអង្កេត យ៉ាង​ស៊ីជម្រៅ និង​តាម ការសាកសួរ មន្ត្រី​និង​សមត្ថកិច្ច ជាច្រើន​នាក់ រួម​នឹង​ចម្លើយសារភាព របស់​មន្ត្រី​ពាក់ព័ន្ធ ក្នុងការ​សាកសួរ តទល់​មុខ​គ្នា គណៈកម្មការ​ជាតិ បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បានរៀបចំ របាយការណ៍ ស្តីពី​លទ្ធផល​ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ ដែល​ផ្ញើជូន សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រកឃើញថា មន្ត្រី​ចំនួន ៣ នាក់ បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ ជនជាតិ​វៀតណាម ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការបិទ​ភ្នែក ឲ្យ​ព្រឹ​ត្ត​បទល្មើស​។ 

​មន្ត្រី​ទាំង ៣ នាក់ រួមមាន ទី​១-​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ​៣ នៃ​យោធា ក្នុងស្រុក​កែវ​សីមា ទី​២-​ឈ្មោះ ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា ការពារ​ព្រំដែន ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុ​ច និង​ទី​៣-​ឈ្មោះ ជុំ រតនា ជា​នាយ​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន​អូរ​ជុំ​។ របាយការណ៍ បាន​បញ្ជាក់ថា ទឹកប្រាក់ ១៧​ម៉ឺន​ដុល្លារ ដែល​ទទួលបាន ពី​ឈ្មួញ​ឈើ ជនជាតិ​វៀតណាម ឈ្មោះ អ៊ុក ញ៉ នោះ​ត្រូវបាន​បែង​ចែកជា ២ ផ្នែក ដែល​ក្នុងនោះ លុយ​ចំនួន ៨៥,០០០ ដុល្លារ ប្រគល់​ឲ្យ​មន្ត្រី​យោធា គឺ​ឈ្មោះ ឯម សុង​ហ៊ួ និង​ឈ្មោះ ទា ខៃ​ម៉េង​។ 

​ចំណែក​លុយ​ចំនួន ៨៥,០០០ ដុល្លារ​ទៀត ត្រូវបាន​ឈ្មោះ ជុំ រតនា ចែក​ទៅ​ឲ្យ ឈ្មោះ សាក់ សារុន មេបញ្ជាការ អាវុធហត្ថ ស្រុក​កែវ​សីមា ចំនួន ៥,០០០ ដុល្លារ ឱ្យទៅ​ឈ្មោះ សាក់ សា​រ៉ាង មេបញ្ជាការ អាវុធហត្ថ​ខេត្ត ចំនួន ១០,០០០ ដុល្លារ ឱ្យទៅ​ឈ្មោះ ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត លើ​ផ្ទៃ​ប្រទេស ចំនួន ៧,០០០ ដុល្លារ ឱ្យទៅ​ឈ្មោះ ណាក់ មន្ត្រី​ព្រៃឈើ ចំនួន ៦,០០០ ដុល្លារ និង​ឈ្មោះ លាង ភា​រ័ត្ន នាយប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​អូរ​ហុច ចំនួន ២,២៥០០ ដុល្លារ ហើយ​ក្រោយពេល ដឹកឈើ​ចេញ មេ​ឈ្មួញ​រូបនោះ ក៏​បង់លុយ​ឲ្យ មន្ត្រី​ទាំង ៣ នាក់​ខាងលើ​នោះ បន្ថែមទៀត ផងដែរ​។​

​បើ​យោងតាម​លិខិត ដែល​ចុះហត្ថលេខា ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៧ បាន​សន្និដ្ឋាន ថា ឈ្មោះ ជុំ រតនា ឈ្មោះ លាង ភា​រ័ត្ន ឈ្មោះ ទា ខៃ​ម៉េង ឈ្មោះ ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង បាន​ប្រព្រឹត្ត​អំពើ ឃុបឃិត​គ្នា​កាប់បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម ពិតប្រាកដ​មែន​។ ចំណែក​មន្ត្រីនគរបាល ៩ នាក់ ត្រូវ​ស្នើ​ដាក់វិន័យ ដូចជា​អប់រំ ព្រមាន និង​ផ្ទេរ​ភារកិច្ច ទៅកាន់​កន្លែង​ផ្សេង ក្នុងនោះ មានឈ្មោះ ព្រំ វណ្ណៈ ឈ្មោះ យ៉ា សុ​ផា ឈ្មោះ សា ផល្លា​ឈ្មោះ ស្រេ​វ ម្នើ​ប ជា​នាយរង ប៉ុស្តិ៍​អូរ​ជុំ ឈ្មោះ អន សំអាត ឈ្មោះ ប៊ុន ភារ​ម្យ ឈ្មោះ សូត្រ ពន្លៃ ឈ្មោះ ពិត ជឿន​និង ឈ្មោះ ពៅ ឆ​ឡៃ​ហៀ​ង​៕

P 0304C P 0304C1

Loading...