ស្ត្រី​វ័យ​ចំណាស់​នៅតែ​គិតគូរ​ពី​ចំណង់​ផ្លូវភេទ និង​មិន​ចង់​ឲ្យ​ស្វាមី​មាន​ស្រី​ញី​ខាងក្រៅ​
​ដោយ វត្តភ្នំ ម៉ោង 08:01
ថ្ងៃទី14 ខែJanuary ឆ្នាំ2015
សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ បុរស​​ភាគ​ច្រើន​​តែង​មាន​​ជំ​នឿ​​ថា នៅ​ពេល​​ស្ត្រី​​ឈាន​ចូល​​ដល់​​វ័យ​​អស់​​រដូវ ស្ត្រី​​នឹង​​ក្លាយ​ជា​​អ្នក​​កាន់​សីល មិន​​ចាប់​អា​រម្មណ៍​​រឿង​​ផ្លូវ​ភេទ ត​ទៅ​ទៀត ទើប​​អ្នក​ខ្លះ​យក​​ហេតុ​ផល​​នេះ ទៅ​​មាន​​ស្រី​​ញី​​ខាង​ក្រៅ​ ប៉ុន្តែ​​​បើ​តាម​​លទ្ធ​ផល​​នៃ​ការសិក្សា របស់លោក​បណ្ឌិត ស៊ូ​សាន ថ្រ​ម​ភី​ធើរ អ្នកស្រាវជ្រាវ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​រកឃើញថា ជំនឿ​ទាំងនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះថា ទោះបី​អាយុ​ដល់​ទៅ ៨០​ឆ្នាំ ស្ត្រី​ក៏​នៅតែ​ចង់​មាន​ភេទ​សម្ព័ន្ធ ជាមួយ​ដៃគូ​ដដែល​។​

​តាមរយៈ​លទ្ធផល នៃ​ការសាកសួរ​ទៅលើ ស្ត្រី​វ័យ​ចំណាស់​ចំនួន ៨០៦ នាក់ ដែលមាន​អាយុ ៦៧​ឆ្នាំ បាន​រកឃើញថា ក្នុងអំឡុងពេល​៤ សប្តាហ៍ មុន​ការ​នឹង​ឆ្លើយ​សំណួរ​ចំនួន ៥០% នៃ​ស្ត្រី​វ័យ​ចំណាស់​ទាំងនោះ នៅ​មានការ​រួមភេទ​នៅឡើយ​។ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់ បាន​ឲ្យ​ដឹង​ទៀតថា ៨៣% នៃ​ស្ត្រី​ទាំងនោះ ដែល​ចាត់​ទុកជា​ក្រុម​អាយុ​តិច មាន​ភាព​ស្ទុះស្ទារ​ក្នុងការ​រួមភេទ​ច្រើនជាង​។

​ចំណែក ១៣% ទៀត ដែល​ស្ថិតក្នុង ក្រុម​អាយុ​ច្រើន ទោះ​ជាមាន​ថាមពល ផ្លូវភេទ តិចជាង​ក្តី ក៏​មិនមែន​មានន័យថា មានការ​ពេញចិត្ត​រឿង​លើ​គ្រែ តិចជាង​ទេ ព្រោះ​​តាមរយៈ​ការសិក្សា បាន​រកឃើញថា ស្ត្រី​ទាំងពីរ​ក្រុម មានការ​ពេញចិត្ត ក្នុងការ​ឈានដល់​ចំណុចកំពូល ក្នុងការ​រួមភេទ មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ នោះ​បាន​សេ​ចក្តីថា ចំនួន​ដង ឬ​ភាព​ញឹកញាប់​នៃ​ការរួម​ភេទ ពុំមាន​ឥទ្ធិពល​ចំពោះ សេចក្តីសុខ​ផ្លូវភេទ របស់​ស្ត្រី​ទាំងពីរ​ក្រុម​នេះ​ទេ​។​

​ក្រៅពីនោះ ស្ត្រី​ក្នុង​ក្រុម​អាយុ​ច្រើន ចំនួន ៤៧% ក៏​មិនបាន​ផ្តល់​សារៈសំខាន់ ចំពោះ​ការរួម​ស្នេហ៍​ប៉ុន្មាន​ដែរ ពួកគេ​អាចមាន​សេចក្តីសុខ ក្នុង​ជីវិត​បាន ទោះជា​ពួកគេ​មាន ឬ​គ្មាន​ភេទ​សម្ព័ន្ធ​ក៏ដោយ ដរាបណា​ពួកគេ នៅតែ​ទទួលបាន​ការស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពី​ដៃគូ​។ អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ស្ត្រី​មានការ​ពេញចិត្ត​ផ្លូវភេទ កើនឡើង​តាម​អាយុ ហើយ​ចំនួន​ពាក់កណ្តាល​នៃ​ស្ត្រី អាយុ​ច្រើនជាង ៨០​ឆ្នាំ មានការ​ពេញចិត្ត នឹង​ការ​រួមភេទ​ជានិច្ច​។

​ចំណែក​អ្នក​ដែល​ពុំមាន ការរួម​ភេទ ពួកគេ​ក៏​អាចមាន​ការពេញចិត្ត​ផ្លូវភេទ​បាន ដោយ​ការប៉ះពាល់​រាងកាយ ការ​បាន​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ជួនកាល​រឿង​បែបនេះ មាន​សារៈសំខាន់​ជាង​ការ ដល់​ចំណុចកំពូល​ទៀតផង​។ សរុបសេចក្តី​មក ឃើញថា ទោះបីជា​ស្ត្រី​អាយុ​ច្រើន​ប៉ុនណា ក៏​នៅមាន​តម្រូវការ ផ្លូវភេទ​ខ្ពស់ គ្រាន់តែ​បន្ថយ​បរិមាណ និង​ទៅ​សង្កត់ធ្ងន់ លើ​គុណភាព​ជាង ដែល​មើលទៅ​ផ្ទុយ​ពី​ភាគី​បុរស  ដែល​អាយុ​កាន់តែច្រើន បែរជា​ព្យាយាម បង្កើន​បរិមាណ​ទៅវិញ​៕

Wat 230212 Wat 230213

Loading...