ស្វែង​យល់​​ពី​​ហេតុ​​សំ​ខាន់ៗ​​ចំ​នួន​​៤ ដែល​​នាំ​​ឲ្យ​​មនុស្ស​​ចេះ​​យល់​សប្ដិ​ ឃើញ​រឿង​ប្លែក​ៗ
​ដោយ វត្តភ្នំ ម៉ោង 18:56
ថ្ងៃទី12 ខែFebruary ឆ្នាំ2014
សុខភាព និងសម្រស់

 រាជធានី​ភ្នំពេញ ៖ ពេលដែល​ដេកលក់​មិន​ស៊ុប​ យើង​ក៏​មានការ​យល់សប្ដិ ជួនកាល​ការ​យល់សប្ដិ​ហ្នឹង​ច្បាស់ ជួនកាល​មិន​ច្បាស់​ដែល​យើង​ ពិបាក​វាយតម្លៃ ហើយ​ការ​យល់សប្ដិ​ ជាការ​ឃើញ​តាម​មនោទ្វារ មិនឃើញ​តាម​បញ្ច​ទ្វារ​ណាមួយ​ដូចជា​ភ្នែក​ត្រចៀក​ទេ ហើយក៏​មាន​ផល​ខ្លះ​ដែរ មិន​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏បាន​បុណ្យ​ខ្លះ បើ​យល់សប្ដិ​ក្នុង​រឿង​បាប ក៏បាន​បាប​ខ្លះ​ដែរ គ្រាន់តែ​មិន​ច្រើន ។

យ៉ាងណាក៏ដោយ​ហេតុដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាងសំខាន់ៗ​គឺ ៖ ១- ធាតុ​កម្រើក (​គ្រុនក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ​, ហូប​អាហារ​ខុស ឈឺពោះ​ក៏​យល់សប្ដិ​ថា​ឈឺពោះ​ជាដើម​) ២- អ្វីដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (​ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វីមួយ ក៏​យល់សប្ដិ​ឃើញ​រឿង​នោះ​ជាដើម​) ៣- ទេវតា​បណ្ដាល​ប្រាប់ (​ប្រាប់​ឲ្យ​ធ្វើ​យ៉ាងនេះ​សុខ​សប្បាយ ធ្វើ​យ៉ាងនោះ​មិន​សុខ​ជាដើម​) ៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់ធ្វើ ឬ​កម្ម​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លងមកហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់​) ។​

ហេតុ​ទីមួយ និង​ទី​ពីរ​មិនសូវ​ជា​ពិត​ទេ ហើយ​សម្រាប់​ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅតាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​ដែល​បណ្ដាលមកពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិតតែ​សាច់រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះបញ្ចាំង​ទៅខាង​ហ្នឹង ។ អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (​យល់សប្ដិ​ច្រើន​) និង​បុគ្គល​ដែលជា​អាណា​គា​ចុះមក (​យល់សប្ដិ​តិច​) ចំពោះ​ព្រះអរហន្ត​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែលជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅមាន​កិលេស​ច្រើន គឺ​នៅមាន​សញ្ញាវិបល្លាស​, ចិត្ត​វិបល្លាស​, ទិ​ដ្ឋ​វិបល្លាស ។ ការលើកឡើង​មកនេះ គ្រាន់តែ​ឲ្យ​ឃើញ​អំពី​ហេតុដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​វា​ពិត​ខ្លះ មិន​ពិត​ខ្លះ មិនមែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំងអស់​ទេ៕

Sweet dreams

Loading...